សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងកំលាងប្រដាប់អាវុធឈរជើងក្នុងខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ព្រមជាមួយ ឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភា និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងកំលាងប្រដាប់អាវុធឈរជើងក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន ជនរួមជាតិទាំងអស់នៅគ្រប់ជំនាន់ ដែលបានលះបង់កូនចៅ គ្រួសារ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងកម្លាំង ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកតួនាទីស្នូលរបស់កងកម្លាំងក្នុងការចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ដោយរក្សាខ្ជាប់នូវជំហរ ស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដែលបានកើតចេញពីការលះបង់ ពលីកម្ម និងពុះពារឧបសគ្គគ្រប់យ៉ាងទាំងអស់ប្រកបដោយភាពអង់អាចក្លាហាន ប្តេជ្ញាការពារដាច់ខាតនូវសន្តិភាពដ៏មានតម្លៃ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងរួមចំណែកយ៉ាងពេញទំហឹង ក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះបដិវត្តពណ៌ និងកសាងបានខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន ធានាបាននូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងគត់មត់។ មិនតែប៉ុណ្ណោះ កងកម្លាំង បានចូលរួមការការពារធនធានធម្មជាតិ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែន គ្រឿងញៀន ជួញដូរមនុស្ស ព្រៃឈើ បទល្មើសបច្ចេកវិទ្យា និងបទល្មើសនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងជួយសង្រ្គោះប្រជាជនពេលកើតគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងជំងឺរាតត្បាតជាដើម។